អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ថាអ្វីទៅជា CMS, បើមិនទាន់ដឹងចាំខ្ញុំប្រាប់។ CMS ជាពាក្យកាត់ ចំណែកឯពាក្យពេញនោះគឺ Content Management System ដែលបកជាភាសាខ្មែរថា៖ “ប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ” គឺគេប្រើវាដើម្បីគ្រប់មាតិកា អត្ថបទ ប្រកាស នៅលើអ៊ិនធើនិត ដែលមានភាពងាយស្រួលគ្រប់គ្រង។ មុនពេលមិនទាន់មានប្រព័ន្ធនេះ ដើម្បីគ្រប់គ្រងមាតិកាអ្វីមួយ យើងត្រូវសរសេរកូដដោយខ្លួនឯង អិចឹងវាមានភាពពិបាកណាស់, ដូច្នេះហើយទើបមនុស្សយើងបង្កើតប្រព័ន្ធនេះឡើង ដើម្បីបង្កភាពងាយស្រួលដល់មហាជនដែលចង់គ្រប់គ្រងមាតិកាពត៌មានពួកគេនៅលើ អ៊ីនធើនិត។ សព្វថ្ងៃវាមានច្រើនរយប្រព័ន្ធណាស់ តែប្រព័ន្ធគ្រប់គ្រងដែលមានប្រជាប្រិយភាពនៅលើពិភពលោកនោះ មានដូចជា៖ Drupal, WordPress, Joomla, Typo3 (ប្រើភាសា PHP), Plone និង django-cms (ប្រើភាសា ផាយថុន) និងជាច្រើនទៀត………….. ក្នុងប្រព័ន្ធ ទាំងប៉ុន្មានខាងលើនេះ គឺត្រូវបានបកប្រែបានខ្លះហើយ ដូចជា៖ Joomla ត្រូវបានបកប្រែដោយក្រុម JUGCAM, Typo3 ត្រូវបានបកដោយក្រុមហ៊ុន Web-Essentials, Drupal ត្រូវបានបកដោយ ក្រុមខ្មែរអូអេស, ចំណែកឯ WordPress មិនទាន់មានអ្នកណាបានបកទេ តែនឹងមាននៅពេលខាងមុខនេះ (សូមបញ្ជាក់ wordpress មានពីរបណ្ដាញ៖ wordpress.org និង wordpress.com), ចំណែកឯ django-cms ខ្ញុំបានសាកល្បងបកប្រែហើយ តែមិនទាន់បានសាកប្រើវាទេ។
នៅពេលនេះខ្ញុំសូមលើកយកប្រព័ន្ធ Typo3 មកបង្ហាញដែលជាប្រព័ន្ធមួយមានសុវត្ថិភាពខ្ពស់ និង មានប្រជាប្រិយភាពពាសពេញពិភពលោក។ ដែលវាមានមុខងារល្អៗ និងលក្ខណៈពិសេសជាច្រើនទៀត ដែលខ្ញុំមិនអាចរៀបរាប់អស់។ ហើយសំខាន់ថែមទៀតនោះ បើសិនជាយើងជាអ្នក អភិវឌ្ឍគេហទំព័រធម្មតាៗចង់បង្កើតពុម្ពរូបរាង (template) អោយវានោះ គឺមិនមានភាពលំបាកទេ គឺយើងគ្រាន់តែសរសេរជា HTML បានហើយ មិនបាច់មាន PHP អ្វីនោះទេ។ បន្ទាប់មកយើងបញ្ចូលវាទៅក្នុង Typo3 របស់យើង ហើយធ្វើការកំណត់ផ្នែកនិមួយៗនៅក្នុង HTML របស់យើងដើម្បីឲ្យ Typo3 ដឹងថាតើកន្លែងណាជាក្បាល កន្លែងណាជាតួ កន្លែងណាជាបាត,,,។ ហើយអ្វីដែលយើងសប្បាយចិត្ត និង រីករាយនោះ គឺឥឡូវនេះប្រព័ន្ធនេះក៏មានជាភាសាខ្មែរងផងដែរ។ គឺថាចាប់ពីកំណែ 4.5 ឡើងទៅនឹងមានបញ្ចូលភាសាខ្មែរចូលទៅក្នុងនោះស្រាប់ហើយ។ បើសិនជាអ្នកប្រើកំណែទី ៤.៤ អ្នកត្រូវធ្វើការកំណត់ច្រើនកន្លែងបន្ដិច។ នេះជាអាសយដ្ឋានដើម្បីទាញយកកញ្ចប់ឯកសារ Typo3 សម្រាប់កំណែ ៤.៤៖ http://www.web-essentials.asia/who-we-are/blog/detail/article/typo3-is-ready-for-khmer-language/ ។